គោធម៌មធ្យមវិបស្សនា
រៀបរាងដោយ
គណៈកម្មាធិការ វិបស្សនាធុរៈ
នៃពុទ្ធមណ្ឌល វិបស្សនាធុរៈ
នៃ ព្រះរាជាណាចក្រកម្ពុជា
រក្សាសិទ្ធិ
ព.ស ២៥៤៤
គ.ស ២០០០
បានពិនិត្យយល់ឃើញថា សៀវភៅឈ្មោះ គោលធម៌ របស់គណៈកម្មាធិ ការវិបស្សនាធុរៈនេះ គួរដល់ជាខំប្រឹក្សា របស់ពួកពុទ្ធសាសនឹកជនគ្រប់ថ្នាក់។
សូមឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងបដិបត្តិទៅ ទើបនឹងបានសម្រេចដល់ប្រយោជន៍អ្វីមួយពុំខានឡើយ។
វត្តឧណ្ណាលោមថ្ងៃទី ..... វិច្ឆិកា
ព្រះមហាសុមេធាធិបតី
សម្តេចព្រះសង្ឃរាជ
ទេព‑វង្ស ឧបេក្ខាសម្ពោជ្ឈង្គិកោ
ធម្មទានដោយកម្មវិធីអប់រំចិត្តបែបវិបស្សនា
សរសេរចម្លងឡើងវិញដោយព្រះមហា ហ៊ល សុខគា
និងមានការជួយកែអក្ខរាវិរុទ្ធដោយ
សមាជិកក្រុម
កម្មវិធីអប់រំចិត្តបែបវិបស្សនា
អារម្ភកថា
- · យោងតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចេញឆ្នាំ ១៩៩៣។
- · យោងតាមព្រះរាជក្រឹត្យតែងតាំង សម្តេច ព្រះសង្ឃរាជ ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៩១។
- · យោងតាមសំណូមពរ របស់អនុសំវច្ឆរៈមហាសន្និបាតនៃមន្ត្រីសង្ឃលើកទី៥ ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ១៩៩៦។
- · យោងតាមសេចក្តីសម្រេច នៃការចាត់តាំងគណៈកម្មាធិការផ្នែក វិបស្សនាធុរៈ របស់សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ចុះថ្ងៃទី ២៦ ខែ សីហា គ.ស. ១៩៩៦។
គណៈកម្មាធិការផ្នែកវិបស្សនាធុរៈ បានរៀបចំច្បាប់វិបស្សនា មាន ៣ ថ្នាក់គឺ
‑គោលធម៌បឋមវិបស្សនា ១
‑គោលធម៌មធ្យមវិបស្សនា ១
‑គោលធម៌ឧត្តមវិបស្សនា ១
គោលធម៌បឋមវិបស្សនា ខ្ញុំព្រះករុណាអាត្មាភាពបានរៀបចំរួចហើយក្នុងទីនេះ សូមរៀបរៀង “គោលធម៌មធ្យមវិបស្សនា” បន្តដោយមានគោលបំណងចង់ឲ្យ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ ទូទៅគ្រប់វ័យ គ្រប់ជាន់ថ្នាក់ ដែលបានសិក្សាវិបស្សនាថ្នាក់បឋមចប់ ហើយសិក្សាបន្តតទៅទៀតដើម្បីធ្វើឲ្យចំណេះវិជ្ជាផ្នែក ខាងវិបស្សនាធុរៈនោះបានរីកចម្រើនរុងរឿងខ្លាំងឡើង និងធ្វើ ឲ្យចិត្តរបស់អ្នកសិក្សារឹងរិតតែបរិសុទ្ធវិសេស ហើយនិងធ្វើឲ្យជាក់ច្បាស់នូវមគ្គ និងផលជាលោកុត្តរ និងដើម្បីបង្កើតនូវសាមគ្គីធម៌ និងសេចក្តីស្ងប់កាយវាចាចិត្តនៃសា ធុជនទាំងឡាយ កម្ចាត់បង់នូវភាពហិង្សាដែលជាទីនាំមកនូវសេចក្តីវិនាសគ្រប់ យ៉ាងឲ្យបាននូវសេចក្តីសុខសន្តិភាព និងតាំងទុកនៅនៃព្រះពុទ្ធសាសនាផ្នែកវិបស្សនាធុរៈ ឲ្យបានថ្កុំថ្កើនរុងរឿងក្នុងលោកទាំងមូលអស់កាលជាយូរអង្វែងតរៀង ទៅ។
‑សមាសភាព គណៈកម្មាធិការទ្រទ្រង់វិបស្សនាធុរៈមានដូចតទៅនេះ ៖
‑ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន ជាអធិបតី
‑ព្រះធម្មាចារ្យ vv ជិន ឡូញ ហៅ ថន ជាអធិបតីរងទី ១
‑ព្រះធម្មាចារ្យ ជោតញ្ញាណោ កែវ ហុង ជាអធិបតីរងទី ២
‑ព្រះវិន័យធរ និងជាចៅអធិការ ស៊ឹម វឹម ជាសមាជិក
‑ព្រះធម្មាចារ្យ យានិកត្ថេរ យូ យ៉ែម ជាសមាជិក
‑ឧបាសិកា ធម្មាចារ្យ សំ សុមនា ជាសមាជិក
‑លោក ខ្លង ឈុនលី ហៅ ជរ ជាសមាជិក
‑លោក ម៉ី យ៉ាំ លេខាធិការផ្ទាល់សម្តេចព្រះមហាសុមេធាធីបតីព្រះ សង្ឃរាជ គណៈមហានិកាយ ជំនួយការ
‑លោក ជា សុធីរ សហប្រតិបត្តិការ
ឧបត្ថម្ភកថា និង ឧទ្ទិសកថា
យោងតាមសេចក្តីសម្រេចនៃការចាត់តាំង គណៈកម្មាធិការផ្នែកវិបស្សនាធុរៈ របស់សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជគណៈមហានិកាយ ចុះថ្ងៃទី ២៦ ខែ សីហា គ.ស. ១៩៩៦។
សម្រាប់ដំណើរការមជ្ឈមណ្ឌល វិបស្សនាធុរៈឲ្យប្រព្រឹត្តិទៅខាងមុខ ហើយ មានការខ្វះខាតនូវក្បួនច្បាប់វិបស្សនាធុរៈសម្រាប់ផ្សព្វផ្សាយ ក្នុងព្រះរាជាណាចក្រ កម្ពុជា។
‑ដោយអានុភាពនៃមហាកុសល ដែលកើតឡើងដោយការបោះពុម្ពសៀវភៅ គោលធម៌នេះ ៖
សូមឲ្យ ព្រះរាជាណាចក្រកម្ពុជាមានរស្មីរុងរឿងក្នុងពិភលោក។
សូមឲ្យ មហាជនទូទៅក្នុងពិភពលោកបានសុខសន្តិភាព។
សូមឲ្យ ព្រះពុទ្ធសាសនារុងរឿងស្ថិតស្ថេរគ្រប់ ៥ ០០០ ព្រះវស្សា។
សូមឲ្យ អ្នកដ៏មានគុណមានមាតា បិតា និងគ្រូឧបជ្ឈាយាចារ្យព្រម ទាំងញាតិកា ៧ សន្តាន បានរំដោះចាកទុក្ខភ័យទាំងពួង និងប្រកបដោយសេចក្តី សុខចម្រើន អស់កាលជាយូរអង្វែងតរៀងទៅ។
ម៉្យាងទៀតសូមឲ្យ សត្វទាំងឡាយទាំងពួកដែលស្ថិតនៅក្នុងទិសទាំង ១០ កុំឲ្យមានពៀរនឹងគ្នា កុំឲ្យមានទុក្ខ កុំឲ្យមានទោស ឲ្យមានតែសេចក្តីសុខ ហើយស្រឡាញ់រាប់អានគ្នាទៅវិញទៅមកតរៀងទៅ។
ល.រ មាតិការធម៌ ទំព័រ
១‑ បឋមឈានដែលមានក្នុងកម្មដ្ឋាន ១១ និងក្នុងកម្មដ្ឋាន ១៤ ទៀត
២‑ ការហាត់បឋមជ្ឈាន ឲ្យថ្នឹកដោយវសីទាំង ៥
៣‑ ការកំណត់ដឹងនូវរូបបរមត្ថ “២៨ រូប” និងនាមបរមត្ថតាមទ្វារ ៦
៤‑ ការកំណត់ដឹង នូវហេតុបច្ច័យរបស់នាមរូបដែលប្រព្រឹត្តិទៅនៅក្នុងកាលទាំង៣ មានអតីតកាលជាដើម
៥‑ ការឃើញ នូវត្រៃលក្ខណ៍ ដោយកលាបសម្មសនញ្ញាណ និងឧទយព្វយា នុបស្សនាញាណ
៦‑ ការលះបង់នូវវិបស្សនូបក្កិលេស ១០ ឬ ៣០ ដោយត្រៃលក្ខណ៍
៧‑ ការប្រតិបត្តិតាមវិបស្សនាញាណ ៩
2 សិក្សាអំពីកិសេល និងធម៌បន្ថែម
កម្មវិធីសិក្សាវិបស្សនាថ្នាក់មធ្យម
គោលធម៌មធ្យមវិបស្សនា
iii
I-បឋមជ្ឈានដែលមានក្នុងកម្មដ្ឋាន ១១ និងក្នុងកម្មដ្ឋាន ១៤ ទៀត
II-ការហាត់បឋមជ្ឈាន ឲ្យថ្នឹកដោយវសីទាំង ៥
III-ការកំណត់ដឹងនូវរូបបរមត្ថ “២៨ រូប” និង នាមបរមត្ថតាមទ្វារ ៦
IV-ការកំណត់ដឹងនូវបច្ច័យរបស់នាមរូបដែលប្រព្រឹត្តទៅក្នុងកាលទាំង ៣ មានអតីតកាលជាដើម
V-ការឃើញនូវត្រៃលក្ខណ៍ ដោយកលាបសម្មសនញ្ញាណ និងឧទយព្វយានុបស្សនាញាណ
VI-ការលះបង់នូវវិបស្សនូបក្កិលេស ១០ ឬ ៣០ ដោយត្រៃលក្ខណ៍
VII-ការប្រតិបត្តិតាមវិបស្សនាញ្ញាណ ៩
សិក្សាអំពីកិលេស និង ធម៌បន្ថែម
១.នីវរណៈធម៌ ៥ ជាសត្រូវដល់អង្គឈាន ៥
២.រាគៈ ទោសៈ មោហៈ និងធម៌ដែលត្រូវរម្ងាប់
៣.ព្យាបាទ១ វិហឹង្សា១ អរតិ១ និងធម៌ដែលត្រូវរម្ងាប់
៤.មិច្ឆាទិដ្ឋិ និង សម្មាទិដ្ឋិ
៥.ឧបេក្ខា ១០ យ៉ាង
៦.ឧបាទាន និងការកាត់ផ្តាច់។
I.បឋមជ្ឈានដែលមានក្នុងកម្មដ្ឋាន ១១ និងក្នុងកម្មដ្ឋាន ១៤ ទៀត
‑បឋមជ្ឈានដែលមានក្នុងកម្មដ្ឋាន ១១
កម្មដ្ឋាន ១១ នោះ បានដល់អសុភ ១០ និងកាយគតាសតិ ១។
អសុភកម្មដ្ឋាន ១០ នោះគឺ
១.ឧទ្ធមាតក អសុភហើមពោរពងឡើង
២.វិនីលក អសុភមានពណ៌ខៀវដោយច្រើន
៣.វិបុព្វក អសុភមានខ្ទុះហូរទៅក្នុងខាងលើខាងក្រោម
៤.វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន
៥.វិក្ខាយិតក អសុភដែលសត្វខាំករកេស៊ីមានសំណាម រលុះរលាយផ្សេងៗ
៦.វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ
៧.ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម
៨.លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប់
៩.បុឡុវក អសុភមានដង្កូវចោះហូរចេញតាមទ្វារទាំង ៩
១០.អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។
(ដកចេញពីគម្ពីរវិសុទ្ធិមគ្គភាគ ១)
កាយគតាសតិកម្មដ្ឋាន
កម្មដ្ឋាន ដែលត្រូវដម្កល់ស្មារតីចុះក្នុងអាការៈ ៣២ ដែលមាននៅក្នុងកាយដោយធ្វើទុកក្នុងចិត្តថា ជាបដិកូលមុខគួរឲ្យខ្ពើមហៅថា “កាយគតាសតិកម្មដ្ឋាន”។
អាការៈ ៣២
អាការៈ ៣២ នោះគឺ កេសា សក់ទាំងឡាយ១ លោមា រោមទាំងឡាយ១ នខា ក្រចកទាំង ឡាយ១ ទន្តា ធ្មេញទាំងឡាយ១ តចោ ស្បែក១ មំសំ សាច់១ ន្ហារូ សរសៃទាំងឡាយ១ អដ្ឋិ ឆ្អឹង ទាំងឡាយ១ អដ្ឋិមិញ្ចំ ខួរក្នុងឆ្អឹង១ វក្កំ តម្រងបស្សាវៈ១ ហទយំ បេះដូង១ យកនំ ថ្លើម១ កិលោមកំ វៀវ១ បិហកំ ក្រពះ១ បប្ផាសំ សួត១ អន្តំ ពោះវៀនធំ១ អន្តគុណំ ពោះវៀនតូច១ ឧទរិយំ អាហារថ្មី១ ករីសំ អាហារចាស់១ បិត្តំ ប្រមាត់១ សេម្ហំ សេ្លស្ម១ បុព្វោ ខ្ទុះរ១ លោហិតំ ឈាម១ សេទោ ញើស១ មេទោ ខ្លាញ់ខាប់១ អស្សុ ទឹកភ្នែក១ វសា ខ្លាញរាវ១ ខេឡោ ទឹកមាត់១ សិង្ឃាណិកា ទឹកសម្បោ១ លសិកា ទឹករំអិល១ មុត្តំ ទឹកមូត្រ១ និង មត្ថលុង្គំ ខួរក្នុងក្បាល១ ជា ៣២។
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាគ ២)
កម្មដ្ឋាន ១៤ ដទៃទៀតនោះបានដល់កសិណ ១០ អានាបានស្សតិ១, ព្រហ្មវិហារ៣ គឺ(មេត្តា ព្រហ្មវិហារ១, ករុណាព្រហ្មវិហារ១ មុទិតាព្រហ្មវិហា១)។
កសិណ ១០
១.បឋវីកសិណ យកដីជាកសិណ
២.អាបោកសិណ យកទឹកជាកសិណ
៣.តេជោកសិណ យកភ្លើងជាកសិណ
៤.វាយោកសិណ យកខ្យល់ជាកសិណ
៥.នីលកសិណ យកវត្ថុពណ៌ខៀវជាកសិណ
៦.បីតកសិណ យកវត្ថុពណ៌លឿងជាកសិណ
៧.លោហិតកសិណ យកវត្ថុពណ៌ក្រហមជាកសិណ
៨.ឳទាតកសិណ យកវត្ថុពណ៌សជាកសិណ
៩.អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ
១០.អាលោកកសិណ យកពន្លឺជាកសិណ។
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាគ ១)
*អានានស្សតិកម្មដ្ឋាន
កម្មដ្ឋានដែលស្មារតីរលឹក នូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូលហៅថា អានា បានស្សតិកម្មដ្ឋាន។
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាភ ២)
ព្រហ្មវិហារ ៣
១.មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។
២.ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។
៣.មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាគ ២)
II-ការហាត់បឋមជ្ឈាន ឲ្យថ្នឹកដោយវសីទាំង ៥
‑បឋមជ្ឈាន បានដល់ឈានទី១ មានអង្គ ៥ គឺ
១‑វិតក្កៈ សេចក្តីត្រិះរិះលើកចិត្តដាក់ទៅក្នុងអារម្មណ៍របស់កម្មដ្ឋាន
២‑វិចារៈ សេចក្តីពិចារណាដុសខាតនូវអារម្មណ៍របស់កម្មដ្ឋាន
៣‑បីតិ សេចក្តីអរមានកំលាំងខ្លាំងក្លាអាចញ៉ាំងកាយ និងចិត្តឲ្យពេញសព្វទាំងអស់ បានដល់
ផរណាបីតិ
៤‑សុខៈ សេចក្តីស្រួលកាយ ស្រួលចិត្តអាចកំចាត់បង់នូវអាពាធក្នុងកាយ និងចិត្ត
៥‑ចិត្តេកគ្គតា ភាពរបស់ចិត្តដែលមានអារម្មណ៍តែមួយឯកឯង។
ការហាត់បឋមជ្ឈាន ឲ្យថ្នឹកដោយវសីទាំង ៥
វសីទាំង ៥ នោះគឺ
១‑អាវជ្ជនវសី ថ្នឹកក្នុងវិធីនឹករកនូវអង្គរបស់ឈាន
២‑សមាបជ្ជនវសី ថ្នឹកក្នុងវីធីចូលកាន់ឈាន
៣‑អធិដ្ឋានវសី ថ្នឹកក្នុងវីធីទប់ទុកនូវឈាន
៤‑វុដ្ឋានវសី ថ្នឹកក្នុងវិធីចេញចាកឈាន
៥‑បច្ចវេក្ខណវសី ថ្នឹកក្នុងការពិចារណានូវអង្គរបស់ឈាន។
(ដកចេញពីគម្ពីរវិសុទ្ធិមគ្គភាគ ១)
III-ការកំណត់ដឹងនូវរូបបរមត្ថ “២៨ រូប” និងនាមបរមត្ថតាមទ្វារ ៦
រូប ២៨ គឺៈ មហាភូតរូប ៤ ឧបាទាយរូប ២៤
មហាភូតរូប ៤ នោះគឺៈ
១.បឋវីធាតុ ធាតុដី មានសភាពរឹងកកជាលក្ខណៈ។
២.អាបោធាតុ ធាតុទឹក មានសភាពជ្រាបសើមជាលក្ខណៈ។
៣.តេជោធាតុ ធាតុភ្លើង មានសភាពក្តៅឧណ្ហៗជាលក្ខណៈ។
៤.វាយោធាតុ ធាតុខ្យល់មានសភាពល្ហើយៗជាលក្ខណៈ។
ឧបាទាយរូប ២៤ គឺៈ
បសាទរូប ៥ វិស័យរូប ៤ ភាវរូប ២ ហទយរូប ១ ជីវិតរូប ១ អាហាររូប ១ បរិច្ឆេទរូប ១ វិញ្ញត្តិរូប ២ វិការរូប ៣ លក្ខណៈរូប ៤។
*បសាទរូប ៥ គឺៈ
១.ចក្ខុ ភ្នែកមានបសាទរបស់ភូតរូបដែលគួរដល់នូវការប៉ះនូវរូបារម្មណ៍ជាលក្ខណៈ
0២.សោត ត្រចៀកមានបសាទរបស់ភូតរូបដែលគួរដល់ការប៉ះនូវសទ្ទារម្មណ៍ជាលក្ខណៈ
៣.ឃាន ច្រមុះមានបសាទរបស់ភូតរូបដែលគួរដល់ការប៉ះ នូវគន្ធារម្មណ៍ជាលក្ខណៈ
៤.ជីវ្ហា អណ្តាតមានបសាទរបស់ភូតរូបដែលគួរដល់ការប៉ះ នូវរសារម្មណ៍ជាលក្ខណៈ
៥.កាយ កាយមានបសាទរបស់ភូតរូបដែលគួរដល់ការប៉ះនូវផោដ្ធព្វារម្មណ៍ជាលក្ខណៈ
*វិស័យរូប ៤ គឺៈ
១.រូបារម្មណ៍ អារម្មណ៍ គឺ រូប មានកិរិយាប៉ះផ្ទប់នឹង ចក្ខុបសាទជាលក្ខណៈ
២.សទ្ទារម្មណ៍ អារម្មណ៍ គឺ សម្លេង មានកិរិយាប៉ះផ្ទប់នឹងសោតបសាទជាលក្ខណៈ
៣.គន្ធារម្មណ៍ អារម្មណ៍ គឺ ក្លិន មានកិរិយាប៉ះផ្ទប់នឹងឃានបសាទជាលក្ខណៈ
៤.រសារម្មណ៍ អារម្មណ៍ គឺ រស មានកិរិយាប៉ះផ្ទប់នឹងជិវ្ហាបសាទជាលក្ខណៈ។
*ភាវរូប ២
១.ឥត្ថីភាវរូប រូបគឺ ភាពនៃស្រ្តី មានភាពជាស្ត្រីជាលក្ខណៈ
២.បុរិសភាវរូប រូបគឺ ភាពនៃបុរស មានភាពជាបុរសជាលក្ខណៈ
*ហទយរូប ១
ហទយរូបៈ គឺទឹកឈាមដែលរក្សាបេះដូងប្រមាណ១ ទូកដៃឃាំងក្នុងទីចន្លោះល្មមចុះគ្រាប់ផ្លែបុសនាគ នៅខាងក្នុងសាច់បេះដូង។ ជាទីអាស្រ័យនៃមនោធាតុ និងមនោវិញ្ញាណធាតុជា លក្ខណៈ។
*ជីវិតរូប ១
ជីវិតរូប គឺជីវិតិន្ទ្រិយ ធម្មជាតិដែលចិញ្ចឹមរក្សាទុកនូវកម្មជ្ជរូបដែលកើតព្រមនឹងខ្លួន មានកិរិយា រក្សារឿយៗ នូវរូបកើតរួមជាលក្ខណៈ។
*អាហាររូប ១
អាហាររូបគឺ កវឡិង្ការាហារ មានឳជៈជាលក្ខណៈ។
*បរិច្ឆេទរូប ១
បរិច្ឆេទរូប បានដល់ទីចន្លោះនៅក្នុងកាយមានប្រហោងច្រមុះ និងប្រហោងត្រចៀកជាដើមមានកិរិយាកំណត់នូវរូបជាលក្ខណៈ។
*វិញ្ញត្តិរូប ២ គឺៈ
១.កាយវិញ្ញត្តិ គឺការកម្រើកកាយ ការធ្វើឲ្យប្លែកនូវអាការៈ ជាបច្ច័យដល់កិរិយាតាំងទុក និង កិរិយាទ្រទ្រង់ និងកិរិយាកម្រើកនៃរូបកាយដែលកើតជាមួយដោយវាយោធាតុដែលកើតអំពីចិត្តប្រព្រឹត្តិ ទៅដោយអាការៈមានឈានជាដើម ហៅថាកាយវិញ្ញត្តិ។
២.វចីវិញ្ញត្តិ គឺការកម្រើកវាចា ការធ្វើឲ្យប្លែកនូវអាការៈជាបច្ច័យដល់កិរិយាប៉ះនៃ ឧបាទិន្នករូប ដោយ បឋវីធាតុ ដែលកើតអំពីចិត្តប្រព្រឹត្តិទៅដោយវចីភេទជាលក្ខណៈ។
*វិការរូប ៣ គឺ
១.រូបស្សលហុតា ភាវៈនៃរូបស្រាសរហ័សមានសភាពមិនយឺតយូរជាលក្ខណៈ។
២.រូបស្សមុទុតា ភាវៈនៃរូបទន់ មានសភាពមិនរឹងជាលក្ខណៈ។
៣.រូបស្សកម្មញ្ញតា ភាពនៃរូបគួរក្នុងទីធ្វើការបាន មានភាពនៃរូបដែលបណ្តោយតាមកិរិយា នៃសរីរៈ គឺគួរដល់ការងារជាលក្ខណៈ។
*លក្ខណៈរូប ៤ គឺ
១.រូបស្សឧបច្ចយោ សេចក្តីសន្សំនៃរូបជាដំបូង មានការសន្សំឡើងនៃរូបជាលក្ខណៈ។
២.រូបស្សសន្តតិ ដំណនៃរូប មានកិរិយាប្រព្រឹត្តិទៅជាលក្ខណៈ។
៣.រូបស្សជរតា ភាវៈនៃរូបចាស់គ្រាំគ្រា មានការចាស់ទុំនៃរូបជាលក្ខណៈ។
៤.រូបស្សអនិច្ចតា ភាវៈនៃរូបមិនទៀង មានកិរិយាបែកធ្លាយជាលក្ខណៈ។
(ដកពីគម្ពីរអភិធម្មត្ថសង្គហ)
ទ្វារ ៦ គឺ
១.ចក្ខុទ្វារ ទ្វារភ្នែកសំដៅយកចក្ខុបសាទ
២.សោតទ្វារ ទ្វារត្រចៀក សំដៅយកសោតបសាទ
៣.ឃានទ្វារ ទ្វារច្រមុះ សំដៅយកឃានបសាទ
៤.ជីវ្ហាទ្វារ ទ្វារអណ្តាត សំដៅយកជិវ្ហាបសាទ
៥.កាយទ្វារ ទ្វារកាយ សំដៅយកកាយបសាទ
៦.មនោទ្វារ ទ្វារចិត្ត សំដៅយកភវង្គៈ។
អារម្មណ៍ ៦ គឺ
១.រូបារម្មណ៍ អារម្មណ៍គឺ រូបបានដល់វណ្ណរូប រូបពណ៌
២.សទ្ទារម្មណ៍ អារម្មណ៍គឺ សម្លេងបាន សទ្ទរូប
៣.គន្ធារម្មណ៍ អារម្មណ៍គឺ ក្លិនបានដល់ គន្ធរូប
៤.រសារម្មណ៍ អារម្មណ៍គឺ រសបានដល់ រសរូប
៥.ផោដ្ឋព្វារម្មណ៍ អារម្មណ៍គឺ វត្ថុដែលប៉ះនឹងកាយបានដល់ធាតុ ៣ គឺ បឋវីធាតុ១ តេជោធាតុ១ វាយោធាតុ១
៦.ធម្មារម្មណ៍ អារម្មណ៍ គឺធម៌បានដល់ បសាទរូប ៥ និង សុខុមរូប ១៦ គឺ ៖
អាបោធាតុ១ ភាវរូប២ ហទយរូប១ ជីវិតរូប១ អាហាររូប១ បរិច្ឆេទរូប១ វិញ្ញត្តិរូប២ វិការរូប៣ លក្ខណៈរូប៤។
*ចិត្ត និង ចេតសិកដែលកើតតាមទ្វារទាំង ៦ ក៏ហៅថា ធម្មារម្មណ៍ ដែរ។ ចិត្ត និងចេតសិក ដែលកើតតាមទ្វារ ៦ គឺៈ
១.ចិត្ត និងចេតសិក ដែលកើតតាមចក្ខុទ្វារ
២.ចិត្ត និងចេតសិក ដែលកើតតាមសោតទ្វារ
៣.ចិត្ត និងចេតសិក ដែលកើតតាមឃានទ្វារ
៤.ចិត្ត និងចេតសិក ដែលកើតតាមជីវ្ហាទ្វារ
៥.ចិត្ត និងចេតសិក ដែលកើតតាមកាយទ្វារ
៦.ចិត្ត និងចេតសិក ដែលកើតតាមមនោទ្វារ
ចិត្ត និងចេតសិកដែលកើតតាមទ្វារ ៦ នោះបានដល់ធម៌ ៥ គឺ វិញ្ញាណ១ ផស្ស១ វេទនា១ សញ្ញា១ ចេតនា១។
‑វិញ្ញាណ ធម្មជាតិដឹងនូវ រូបារម្មណ៍មានកិរិយាដឹងច្បាស់ នូវអារម្មណ៍ជាលក្ខណៈ។
‑ផស្សៈ ធម្មជាតិប៉ះ មានកិរិយាប៉ះជាលក្ខណៈ។
‑វេទនា ធម្មជាតិសោយ នូវអារម្មណ៍មានកិរិយាសោយជាលក្ខណៈ។
‑សញ្ញា ធម្មជាតិចាំនូវអារម្មណ៍ មានកិរិយាចាំជាលក្ខណៈ។
‑ចេតនា ធម្មជាតិត្រិះរិះ ឬ ចាត់ចែងនូវអារម្មណ៍ មានកិរិយាត្រិះរិះជាលក្ខណៈ។ ធម៌ ទាំង ៥ នេះលោកហៅថា ពួកធម៌មាន ផស្សៈ ជាគម្រប់ ៥ តែងកើតតាមទ្វារទាំង ៦។
*អារម្មណ៍របស់វិថីចិត្តដែលកើតតាមទ្វារ ៦
‑រូប(វណ្ណរូប) នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្តដែលកើតតាមចក្ខុទ្វារ១ មនោទ្វារ១
‑សទ្ទៈ នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្តដែលកើតតាមសោតទ្វារ១
មនោទ្វារ១
‑គន្ធៈ នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺ វិថីចិត្តដែលកើតតាមឃានទ្វារ១
មនោទ្វារ១។
‑រសៈ នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ២ គឺវិថីចិត្តដែលកើតតាម ជិវ្ហាទ្វារ១ មនោទ្វារ១
‑ផោដ្ឋព្វ នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត២ គឺវិថីចិត្តដែលកើតតាមកាយទ្វារ១ មនោទ្វារ១
‑ធម្មៈ នឹងបានមកជាអារម្មណ៍របស់វិថីចិត្ត ដែលកើតតាមមនោទ្វារតែម្យ៉ាង។
*ការកំណត់ដឹងនូវរូបធម៌ និងនាមធម៌
ក្នុងការកំណត់ដឹងនូវនាម និង រូប ក្នុងវិបស្សនានេះព្រះយោគីគប្បីកំណត់ដឹងនូវ រូបធម៌ ឲ្យជាក់ច្បាស់ជាមុនទើបកំណត់ដឹងនូវ នាមធម៌ ក្រោយ។
‑រូបៈ រូបដែលមកប៉ះផ្ទប់នឹងចក្ខុជា រូប[1]ធម៌ ពួក ធម៌ ដែលមានផស្សៈ[2] ជាគម្រប់ ៥ កំណត់ ដឹងនូវរូបនោះជានាម[3]ធម៌។
‑សទ្ទៈ សម្លេងដែលមកប៉ះផ្ទប់នឹង សោត ជា រូបធម៌ ពួក ធម៌ ដែលមាន ផស្សៈ ជាគម្រប់ ៥ កំណត់ដឹងនូវសម្លេងនោះជា នាមធម៌។
‑គន្ធៈ ក្លិនដែលមកប៉ះផ្ទប់នឹងច្រមុះជា រូបធម៌ ពួក ធម៌ ដែលមាន ផស្សៈ ជាគម្រប់ ៥ កំណត់ដឹងនូវក្លិនជា នាមធម៌។
‑រសៈ រសជាតិដែលមកប៉ះផ្ទប់នឹងជីវ្ហា ជា រូបធម៌ ពួក ធម៌ ដែលមាន ផស្សៈ ជាគម្រប់ ៥ កំណត់ដឹងនូវរសជាតិនោះជា នាមធម៌។
‑ផោដ្ឋព្វ ផោដ្ឋព្វដែលមកប៉ះផ្ទប់នឹងកាយជា រូបធម៌ ពួក ធម៌ ដែលមាន ផស្សៈ ជាគម្រប់ ៥ កំណត់ដឹងនូវ ផោដ្ឋព្វៈ នោះជា នាមធម៌។
‑ធម្ម ធម៌ គឺ បសាទរូប និង សុខុមរូប ដែលមកប្រាកដដល់ចិត្តជា រូបធម៌ ពួក ធម៌ ដែលមាន ផស្សៈ ជាគម្រប់ ៥ កំណត់ដឹងនូវ ធម៌ នោះជា នាមធម៌។
(ដកពីគម្ពីរអភិធម្មត្ថសង្គហនិងគម្ពីរវិសុទ្ធិមគ្គភាគ ៣)
ពួកធម៌ដែលមានផស្សៈជាគម្រប់ ៥ នោះបើសង្គ្រោះចូលក្នុងអរូបក្ខន្ធ ៤ មានដូចតទៅៈ
‑វេទនា ១ សង្រ្គោះចូលក្នុងវេទនាខន្ធ
‑សញ្ញា ១ សង្គ្រោះចូលក្នុងសញ្ញាខន្ធ
‑ផស្សៈ ១ ចេតនា ១ សង្រ្គោះចូលក្នុងសង្ខារក្ខន្ធ។
‑វិញ្ញាណ ១ សង្គ្រោះចូលក្នុងវិញ្ញាណក្ខន្ធ។
(ដកចេញពីគម្ពីរវិសុទ្ធិមគ្គភាគ ៣)
IV-ការកំណត់ដឹងនូវហេតុបច្ច័យរបស់នាមរូបដែលប្រព្រឹត្តិទៅក្នុងកាលទាំង៣
‑ហេតុបច្ច័យរបស់ នាមរូប មានដូចតទៅ ៖ ធម៌ ៥ យ៉ាងគឺ អវិជ្ជា ១ តណ្ហា ១ ឧបាទាន ១ កម្ម ១ អាហារ ១ ជាហេតុបច្ច័យរបស់ នាមរូប។ អវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ ជាហេតុ អាហារ១ ជាបច្ច័យ។
អាហារមាន ៤ យ៉ាងគឺៈ
១.កវឡិង្ការាហារ អាហារ គឺ ពំនូតបាយជាបច្ច័យរបស់ រូបក្ខន្ធ។
២.ផស្សាហារ អាហារ គឺ ផស្សៈជាបច្ច័យរបស់ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១។
៣.មនោសញ្ចេតនាហារ អាហារ គឺ កុសលចេតនា និងអកុសលចេតនាជាបច្ច័យរបស់ បដិសន្ធិវិញ្ញាណ។
៤.វិញ្ញាណាហារ អាហារ គឺ វិញ្ញាណជាបច្ច័យរបស់ នាមរូប។
កាលមាន ៣ យ៉ាងគឺ
១.អតីតកាល កាលដែលកន្លងហើយ។
២.បច្ចុប្បន្នកាល កាលដែលកំពុងកើតឡើងប្រាកដ។
៣.អនាគតកាល កាលដែលមិនទាន់មកដល់។ កាលបើ អតីត ហេតុមិនមាន បច្ចុប្បន្នផលនោះក៏មិនមានដែរ កាលបើ បច្ចុប្បន្នហេតុមិនមានហើយ អនាគតផលក៏មិនមានដែរ។
*អវិជ្ជា ១ តណ្ហា ១ ឧបាទាន ១ កម្ម ១ ធម៌ ៤ នេះជាតួហេតុក្នុងអតីតកាលផង ក្នុងបច្ចុប្បន្នកាលផង។ បញ្ចក្ខន្ធ គឺ ខន្ធ ៥ ជាតួផលក្នុងបច្ចុប្បន្នកាល និងអនាគតកាល។
(ដកពីគម្ពីរអភិធម្មត្ថសង្គហ និង គម្ពីវិសុទ្ធិមគ្គភាគ ៣)
V-ការឃើញនូវត្រៃលក្ខណ៍ដោយកលាបសម្មសនញ្ញាណ និង ឧទយព្វយានុបស្សនាញាណ
‑កលាបសម្មសនញ្ញាណ មានន័យថា ប្រាជ្ញាពិចារណានូវធម៌ជាក្រុមៗ ដូចពិចារណាថា រូបក្នុងអតីតក្តី អនាគតក្តី និងរូបក្នុងបច្ចុប្បន្នជាដើមក្តី សុទ្ធតែមិនទៀងដូច្នេះជាដើម។
‑ឧទយព្វយានុបស្សនាញាណ មានន័យថា ប្រាជ្ញាពិចារណាឃើញកិរិយាកើត និងកិរិយារលត់នៃសង្ខារ។
ត្រៃលក្ខណ៍នោះ គឺៈ
១.អនិច្ចលក្ខណៈ មិនទៀងជាលក្ខណៈ
២.ទុក្ខលក្ខណៈ សេចក្តីទុក្ខលំបាកជាលក្ខណៈ
៣.អនត្តលក្ខណៈ មិនមែនខ្លួនជាលក្ខណៈ។ កលាបសម្មសនញ្ញាណ ដែលព្រះយោគីបានច្រើន ហើយជាបច្ច័យនៃការបាននូវឧទយព្វយានុបស្សនាញាណ។
កាលបើព្រះយោគី បានសម្រេចនូវញាណទាំង ២ នោះ ក៏ឈ្មោះថាបានចាក់ធ្លុះនូវ ព្រះត្រៃ លក្ខណ៍ ដោយពិត។
(ដកពីគម្ពីរវិសុទ្ធិមគ្គភាគ ៣)
VI-ការលះបង់នូវវិបស្សនូបក្កិលេស ១០ ឬ ៣០ ដោយត្រៃលក្ខណ៍
‑វិបស្សនូបក្កិលេស មាន ១០ ដោយសង្ខេប បើពិស្តារមាន ៣០
‑វិបស្សនូបក្កិលេស សង្ខេបមាន ១០ នោះគឺៈ ឳភាសៈ១ ញាណៈ១ បីតិ១ បស្សន្ធិ១ សុខៈ១ អធិមោក្ខ១ បគ្គាហៈ១ ឧបដ្ឋាន១ ឧបេក្ខា១ និកន្តិ១ ។
*វិបស្សនូបក្កិលេសពិស្តារមាន ៣០ នោះគឺៈ ត្រូវយក វិបស្សនូបក្កិលេស ១០ នោះគុណនឹង ធម៌ ៣ (១០ X ៣ = ៣០)។
ធម៌ ៣ នោះ គឺៈ
១.ទិដ្ឋិ សេចក្តីយល់ឃើញ
២.មានៈ សេចក្តីប្រកាន់ខ្លួន
៣.តណ្ហា សេចក្តីប្រាថ្នា។
កាលបើ ព្រះយោគីចម្រើនវិបស្សនាទៅបានឃើញនូវឧបក្កិលេស ១០ ឬ ៣០ ណាមួយគប្បីលះ បង់ដោយការធ្វើទុកក្នុងចិត្តថា “មិនមែនអញ មិនមែនរបស់អញ”។
(ដកពីគម្ពីរវិសុទ្ធិមគ្គភាគ ៣)
VII-ការប្រតិបត្តិតាមវិបស្សនាញាណ ៩
វិបស្សនាញាណ ៩ នោះគឺៈ
១.ឧទយព្វយានុបស្សនាញាណ បញ្ញាពិចារណានូវកិរិយាកើតនិងកិរិយារលត់នៃសង្ខារ
២.ភង្គានុបស្សនាញាណ បញ្ញាពិចារណានូវកិរិយាបែកធ្លាយនៃសង្ខា។
៣.ភយតុបដ្ឋានញាណ បញ្ញាពិចារណាឃើញទោសនៃសង្ខារថា ជាទីគួរខ្លាច។
៤.អាទីនវានុបស្សនាញាណ បញ្ញាពិចារណាទោសនៃសង្ខារ។
៥.និព្វិទានុបស្សនាញាណ បញ្ញាពិចារណានឿយណាយឃើញទោសក្នុងបញ្ចក្ខន្ធ។
៦.មុញ្ចិតុកម្យតាញាណ បញ្ញាប្រាថ្នានឹងចង់រួចចាកបញ្ចក្ខន្ធ។
៧.បដិសង្ខានុបស្សនាញាណ បញ្ញាពិចារណារកឧបាយដែលនឹងដោះខ្លួនឲ្យរួចចាកខន្ធ
៨.សង្ខារុបេក្ខាញាណ បញ្ញាតាំងឧបេក្ខាក្នុងសង្ខារ។
៩.សច្ចានុលោមិកញាណ បញ្ញាដែលប្រព្រឹត្តិទៅតាមសមគួរដល់សច្ចធម៌។
(ដកពីគម្ពីរវិសុទ្ធិមគ្គភាគ ៣)
*សិក្សាអំពីកិលេស និងធម៌បន្ថែម
១.នីវរណធម៌ ៥ សត្រូវដល់អង្គឈាន៥ នីវរណធម៌ ៥ នោះគឺៈ
ក.កាមឆន្ទ សេចក្តីផ្គងចិត្តចុះក្នុងកិលេសកាម និងវត្ថុកាម។
ខ.ព្យាបាទ សេចក្តីគំនុំអាឃាតចំពោះអារម្មណ៍មិនជាទីប្រាថ្នា។
គ.ថីនមិទ្ធ សេចក្តីធុញទ្រាន់ និងងងុយជ្រប់ ឬថាសេចក្តីច្រអូសកាយច្រអូសចិត្ត។
ឃ.ឧទ្ធច្ចកុក្កុច្ច សេចក្តីរាយមាយចិត្ត និងរំខានចិត្ត ឬថាសេចក្តីអណ្តែតអណ្តូងចិត្ត និងក្តៅក្រហាយចិត្ត។
ង.វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់ហើយពីក្នុងចិត្ត។
*អង្គរបស់បឋមជ្ឈានមាន ៥ គឺៈ
១.វិតក្កៈ សេចក្តីត្រិះរិះលើកចិត្តដាក់ទៅក្នុងអារម្មណ៍របស់កម្មដ្ឋាន។
២.វិចារៈ សេចក្តីពិចារណាដុះខាត់នូវអារម្មណ៍របស់កម្មដ្ឋាន។
៣.បីតិ សេចក្តីអរ មានកម្លាំងក្លាអាចញ៉ាំងកាយ និងចិត្តឲ្យពេញសព្វទាំងអស់បាន
ដល់ ផរណាបីតិ។
៤.សុខ សេចក្តីស្រួលកាយ ស្រួលចិត្តអាចកំចាត់បង់នូវអាពាធក្នុងកាយ និងចិត្តបាន
៥.ចិត្តេកគ្គតា ភាពរបស់ចិត្តដែលមានអារម្មណ៍តែមួយឯកឯង។
ធម៌ជាសត្រូវដល់គ្នា
១.កាមឆន្ទៈ ជាសត្រូវដល់ ចិត្តកគ្គតា
២.ព្យាបាទៈ ជាសត្រូវដល់ បីតិ
៣.ថីនមិទ្ធៈ សត្រូវដល់ វិតក្កៈ
៤.ឧទ្ធច្ចកុក្កុច្ចៈ ជាសត្រូវដល់ សុខៈ
៥.វិចិកិច្ឆា ជាសត្រូវដល់ វិចារៈ ។
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាគ ១)
២‑កិលេស ៣ និង ធម៌សម្រាប់រម្ងាប់
កិលេសមានន័យថា ធម្មជាតិជាគ្រឿងសៅហ្មងមាន ៣ យ៉ាងនោះគឺ
១.រាគៈ សេចក្តីតម្រេក។
២.ទោសៈ ធម្មជាតិប្រទូស្ត។
៣.មោហៈ ធម្មជាតិវង្វេង។
‑រាគៈ រម្ងាប់ដោយ សមាធិ
‑ទោសៈ រម្ងាប់ដោយ សីលក្ខន្ធ
‑មោហៈ រម្ងាប់ដោយ បញ្ញាខន្ធ
(ដកពីសុតន្តបិដក)
៣‑កិលេស ៣ និងធម៌ សម្រាប់រម្ងាប់ដទៃទៀត
ក.ព្យាបាទ សេចក្តីគុំអាឃាតត្រូវរម្ងាប់ដោយមេត្តាធម៌។
ខ.វិហឹសា សេចក្តីបៀតបៀនត្រូវរម្ងាប់ដោយករុណាធម៌។
គ.អរតិ សេចក្តីមិនត្រេកអត្រូវរម្ងាប់ដោយ មុទិតាធម៌។
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាគ ២)
៤‑មិច្ឆាទិដ្ឋិ និង សម្មាទិដ្ឋិ
‑មិច្ឆាទិដ្ឋិ មានន័យថា សេចក្តីយល់ឃើញខុស យល់ថា ពាក្យថា សត្វ ឬ ទេវតាជាដើមមានក្នុងលោក។
‑សម្មាទិដ្ឋិ មានន័យថា សេចក្តីយល់ឃើញត្រូវ មានយល់ឃើញថា ពាក្យថា សត្វ ឬ ទេវតាជាដើមមិនមានក្នុងលោក មានត្រឹមតែមានរូបប៉ុណ្ណោះ
(ដកស្រង់ពីគម្ពីរវិសុទ្ធិមគ្គភាគ ៣)
៥‑ឧបេក្ខា ១០
‑ធម្មជាតិដែលសោយអារម្មណ៍ស្មើៗ ជាកណ្តាលហៅថា ឧបេក្ខា ឧបេក្ខានោះមាន ១០ ក្នុងទីនេះគឺៈ ឆឡង្គុបេក្ខា១ ព្រហ្មវិហារុបេក្ខា១ ពោជ្ឈង្គុបេក្ខា១ វីវិយុបេក្ខា១ សង្ខារុបេក្ខា១ វេទនូបេក្ខា១ វិបស្សនូបេក្ខា១ តត្រជ្ឈត្តុបេក្ខា១ ឈានុបេក្ខា១ បរិសុទ្ធុបេក្ខា១។
‑ឆឡង្គុបេក្ខា ឧបេក្ខា ក្នុងទ្វារ៦
‑ព្រហ្មវិហារុបេក្ខា ចិត្តមានសភាពស្មើៗចំពោះសត្វ។
‑ពោជ្ឈង្គុបេក្ខា សភាពចិត្តស្មើៗ ព្រងើយកន្តើយចំពោះ សហជាតធម៌។
‑វីរិយុបេក្ខា ការព្យាយាមនៃចិត្តស្មើៗមិនធូរពេក មិនតឹងពេក។
‑សង្ខារុបេក្ខា សភាពនៃចិត្តប្រងើយកន្តើយកណ្តាលៗក្នុងធម៌ ជាគ្រឿងសាំញ៉ាំក្នុង សមាបត្តិ៨ និងកើតក្នុង វិបស្សនា ១០ ។
‑វេទនូបេក្ខា ឧបេក្ខាវេទនា ក្នុងមហាកុសល។
‑វិបស្សនូបេក្ខា ចិត្តប្រព្រឹត្តិទៅស្មើៗកណ្តាលៗ ក្នុងសង្ខារទាំងឡាយ ព្រោះពិចារណាឃើញថា មិនទៀងជាទុក្ខ ជាអនត្តា។
‑តត្រជ្ឈត្តុបេក្ខា ចិត្តប្រព្រឹត្តិទៅស្មើៗ កណ្តាលៗចំពោះធម៌ ដែលកើតឡើងជាមួយ។
‑ឈានុបេក្ខា ចិត្តស្មើៗ ព្រងើយកន្តើយមិនធ្លាក់ចុះ មិនឡើងក្នុងអារម្មណ៍ជាសុខដ៏លើសជាដើម។
‑បរិសុទ្ធុបេក្ខា ឧបេក្ខាចតុត្ថជ្ឈាន ។
(ដកពីគម្ពីរវិសុទ្ធិមគ្គភាគ ១)
៦‑ឧបាទាន និង កាត់ផ្តាច់
ឧបាទាន មានន័យថា សេចក្តីប្រកាន់មាំក្នុងអារម្មណ៍ មាន ៤ យ៉ាងគឺៈ កាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វត្តុបាទាន១ អត្តវាទុបាទាន១ ឧបាទានទាំង ៤ នេះត្រូវកាត់ផ្តាច់ (លះបង់) ដោយ ព្រះអរិយមគ្គ មាន សោតាបត្តិមគ្គ ជាដើម។ កាមុបាទាន ត្រូវកាត់ផ្តាច់មិនសេសសល់ដោយ អរហត្តមគ្គញ្ញាណ ឧបាទាន ៣ ទៀតត្រូវកាត់ផ្តាច់ដោយ សោតាបត្តិមគ្គញាណ។
(ដកស្រងពីគម្ពីរវិសុទ្ធិមគ្គភាគ ៣)
១‑កាមុបាទាន សេចក្តីប្រកាន់មាំនូវវត្ថុកាម និងកិលេកាម
២‑ទិដ្ឋុបានទាន សេចក្តីប្រកាន់មាំនូវទិដ្ឋិ
៣‑សីលព្វត្តុបាទាន សេចក្តីប្រកាន់មាំនូវសីលនិងវត្ត។
ចប់